លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី "ការធ្វើប័ណ្ណកម្មសិទ្ធអចលទ្រព្យនៅថ្នាក់ក្រោមជាតិ និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ" ក្រោមអធិតីភាព ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះ, ដីចុះបញ្ជីស្ទួន, ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។